ថ្ងៃ Thursday, July 11, 2013 | ដោយ​៖ ស្រីតី | អាន 1291 ដង

ក្នុងឱកាស​ព្រះសង្ឃ​នៅក្នុង​ពុទ្ធ​សាសនមណ្ឌល​កំពុងតែ​ចូល ព្រះវស្សា​នោះ ព្រះសង្ឃ​នៅ​ខេត្ត​ព្រះ​ត្រពាំង ក៏​កំពុងតែ​ចូល​ព្រះវស្សា​តាម​ព្រះពុទ្ធ​វិន័យ ផងដែរ ។ ពេលវេលា​ចូលកាន់​ព្រះវស្សា​រយៈពេល ៣ ខែ នេះ ព្រះសង្ឃ​នៅ​ខេត្ត​ព្រះ​ត្រពាំង មិនមែន​ត្រឹមតែ​សម្ងំ ប្រតិបត្តិ​ធម៌ តាម​គន្លង ពុទ្ធដីកា​តែប៉ុណ្ណោះ​ទេ  តែ​ព្រះអង្គ កំពុងតែ​ព្យាយាម​សិក្សា​ផ្នែក​ពុទ្ធិកសិក្សា​នៅ តាម​វត្ត អារាម​នានា ផងដែរ ។ ក្រៅពីនេះ នៅក្នុង​ខែសីហា នេះ ក៏​ជា​រដូវ​ដែល​កុមារ​ខ្មែរក្រោម​កំពុង​សិក្សា អក្សរ សាស្ត្រ​ខ្មែរ​នៅតាម​វត្ត​អារាម រយៈពេល ៣ ខែ ផងដែរ ។​

ព្រះតេជព្រះគុណ គឹម ហាន់ ព្រះជន្ម ៣៦ វស្សា សាង​ផ្នួស​បាន ១៦ វស្សា ជា​ព្រះចៅអធិការ​ជំនាន់ ទី ៤ នៃ​វត្ត​ដីក្រហម ឋិត​នៅក្នុង​ស្រុក​ថ្កូវ មាន​ថេរ​ដីកា​ប្រាប់​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម​ថា ឆ្នាំនេះ វត្ត​របស់​ព្រះអង្គ មាន​ព្រះសង្ឃ ២៥ អង្គ គង់​ចាំ​ព្រះវស្សា ។  ព្រះអង្គ​បាន​បន្តថា នៅ​ឱកាស​ចូល​ព្រះវស្សា​នេះ  ពុទ្ធបរិស័ទ ចំណុះជើងវត្ត​ក៏បាន​ប្រារព្ធ​កម្មវិធី​បុណ្យ​ចូល​ព្រះវស្សា នៅ​ថ្ងៃ ១៥ កើត ខែអាសាឍ តាម​ប្រពៃណីជាតិ និង​សាសនា ផងដែរ ។​

ព្រះតេជព្រះគុណ គឹម ហាន់  បាន​ថេរ​ដីកា​បន្តទៀតថា ព្រះសង្ឃ​ដែល​គង់​ចាំ​ព្រះវស្សា​វត្ត​ដីក្រហម ទាំង ២៥ អង្គ​នោះ មាន ១៨ អង្គជា​សមណ​សិស្ស និមន្ត​មកពី​វត្ត​នានា​នៅក្នុង​ខេត្ត និង​ក្រៅ​ខេត្ត ដើម្បី​បន្ត សិក្សា​ថ្នាក់​ពុទ្ធិកវិទ្យាល័យ​ទី ១ ឬ ថ្នាក់​ទី ១១ ដែល​វត្ត​ព្រះអង្គ​បាន​បើក​សាលា​ឆ្នាំនេះ ។​

ព្រះតេជព្រះគុណ  អគ្គ​ធម្ម​ថេ​រោ ថាច់ ថា​ញ់ ហុង ព្រះជន្ម ២៩ ព្រះវស្សា សាង​ផ្នួស​បាន ១៣ ព្រះវស្សា ជា​ព្រះចៅអធិការ​វត្ត ផ្នោ​រ​ព្រហូត ឋិត​នៅក្នុង​ស្រុក​ផ្នោ​រដាច់ ខេត្ត​ព្រះ​ត្រពាំង បាន​មាន​ថេរ​ដីកា ប្រាប់ វិទ្យុ​សំឡេង​កម្ពុជា​ក្រោម ថា វត្ត​ព្រះអង្គ​មាន​ព្រះសង្ឃ​ចូលកាន់​ព្រះវស្សា​ចំនួន ៦ អង្គ តែ​មិនបាន​បើក សាលា​ពុទ្ធ​ក​សិក្សា ដូច​វត្ត​នានា នៅក្នុង​ស្រុក​ទេ ព្រោះ​មិនមាន​សិស្ស និង​វត្ត​ជាប់រវល់​ក្នុងការ​សាងសង់ សាលា​ជាដើម ។​

ទោះបី​វត្ត​របស់​ព្រះអង្គ​មិនបាន​បើក​សាលារៀន​ក៏ដោយ តែ​ព្រះអង្គ​បាន​ថ្លែងថា នៅក្នុង​ស្រុក​ផ្នោ​រដាច់ ឆ្នាំនេះ វត្ត​នានា​ក៏បាន​បើក​សាលា​ចាប់ពី​ថ្នាក់​ពុទ្ធិក​វ​អនុវិទ្យាល័យ​ទី ១ ដល់ ៣ ឬ ទី ៥ ដល់ទី ៨ ដោយមាន​សមណ​សិស្ស និង​សិស្ស​ទាំងអស់​ចំនួន ១៣៨ អង្គ និង រូប ។ ចំណែក​វត្ត​ធ្លក បើក​ថ្នាក់​ពុទ្ធិក​អនុវិទ្យាល័យ​ទី ០៤ ឬ ថ្នាក់​ទី ០៩ (​បាលី​រង​) មាន​សមណ​សិស្ស​ចំនួន ៣០ អង្គ ។​

ព្រះតេជព្រះគុណ  អគ្គ​ធម្ម​ថេ​រោ ថាច់ ថា​ញ់ ហុង បាន​ប្រាប់​អំពី​មូល​ហេតុដែល​ជម្រុញ​ព្រះសង្ឃ និង ពលរដ្ឋ​ខ្មែរក្រោម មាន​ទឹកចិត្ត​ខំប្រឹង​បើក​សាលា​រៀនអក្សរ​ខ្មែរ និង​ភាសាបាលី​នោះ ព្រោះ​ចង់​បណ្ដោះ បណ្ដាល​ធនធាន និង​រក្សា​ប្រពៃណី​ជាតិខ្មែរ នៅ​កម្ពុជា​ក្រោម ឲ្យ​បាន​គង់វង្ស ។​

ព្រះសង្ឃ​ជា​គ្រូ​អចិន្ត្រៃយ៍​នៃ​សាលា​ពុទ្ធិកសិក្សា នៅក្នុង​វត្ត​មួយ ឋិត​នៅក្នុង​ស្រុក​កញ្ចោង ខេត្ត​ព្រះ​ត្រពាំង បាន​ប្រាប់​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម ថា ឆ្នាំនេះ វត្ត​ព្រះអង្គ​បើក​ថ្នាក់​ពុទ្ធិក​អនុវិទ្យាល័យ​ទី ៣ ដោយមាន សមណ​សិស្ស​ចំនួន ២០ អង្គ និមន្ត​មកពី​វត្ត​នានា ដើម្បី​បន្ត​ការសិក្សា ។​

ព្រះអង្គ​បាន​បន្តថា កម្មវិធីសិក្សា​ក្នុង​ថ្នាក់​នេះ មាន ១៣ វិញ្ញាសា ។ វិញ្ញាសា​ទាំងនោះ​រួមមាន  សរសេរ តាម​អាន​, ធម្ម​វិភាគ​, ព្រះ​វិន័យ​, ប្រែ​លោត​ប្រយោគ​ធម្មបទដ្ឋកថា ភាគ ៣--, សាសនា​ជា​អ្វី​, នវ វេយ្យាករណ៍​ខ្មែរ​, វៀតណាម​ប្រែ​ខ្មែរ​, គណិត​វិជ្ជា ថ្នាក់​ទី ៨, អង់គ្លេស​ថ្នាក់​ទី ៨ , វេយ្យាករណ៍​បាលី , ព្រះ គាថា​ធម្មបទ​, បែប​រៀន​ភាសាបាលី និង​តែងសេចក្ដី​ខ្មែរ ។​

ព្រះសង្ឃ​អង្គ​នេះ បាន​ថ្លែងថា កម្មវិធីសិក្សា​ផ្នែក​ពុទ្ធិកវិទ្យាល័យ​ទូទាំង​ខេត្ត​ព្រះ​ត្រពាំង​នេះ មាន​រយៈពេល ៩ ខែ គឺ​ចាប់​ពីថ្ងៃ ១ រោច ខែវិសាខ ជា​ថ្ងៃ​ឈានចូល​ពុទ្ធសករាជ​ថ្មី រហូតដល់​ខែបុស្ស ឬ ខែមាឃ ជា​រៀងរាល់ឆ្នាំ  ។​

សូមបញ្ជាក់ថា នៅ​ខេត្ត​ព្រះ​ត្រពាំង មាន​វត្ត​ខ្មែរ​ទាំងអស់​ចំនួន ១៤១ វត្ត ក្នុងនោះ វត្ត​សម្បួរ​រង្សី ( សម្បួរ ) បានកកើតឡើង​ក្នុង ព​. ស​. ៩១៧ គ​. ស​. ៣៧៣ បើ​គិត​មកទល់​ឆ្នាំ ២០១៣ នេះ វត្តមាន​អាយុកាល ១៦៤០ ឆ្នាំ​ហើយ ៕

(យោបល់របស់មិត្តអ្នកអានគ្រប់រូបអាចជួយកែលំអព័ត៌មាន ក៏ដូចជាសង្គមកម្ពុជាឲ្យកាន់តែ​ប្រសើរ)

More Reading:

  • threat

  • throat

  • tight

  • till

  • tomorrow

  • tough

  • track

  • trap

  • treasury

  • tremble