ថ្ងៃ Thursday, July 18, 2013 | ប្រភព៖ postkhmer | អាន 1138 ដង

ភ្នំពេញ៖ តាំង​ពី​ព្រលឹម​ស្រាងៗ នៅ​តាម​ដង​វិថី​ព្រះ​នរោត្តម និង​សហព័ន្ធ​រុស្ស៊ី គេ​សង្កេត​ឃើញ​មាន​ប្រជា​ពលរដ្ឋ តាជី​យាយ​ជី មន្ត្រី​អ្នក​មុខ​អ្នក​ការ​ក្នុង​សម្លៀក​បំពាក់​ស​ខ្មៅ និង​ពាក់​បូ​ពណ៌​ខ្មៅ​មាន​កាន់​ផ្កា​ឈូក​ពណ៌​ស​ជាច្រើន​នាក់​រួម​ទាំង​ព្រះសង្ឃ​ជា​ច្រើន​អង្គ​ផង បាន​គង់​និង​ឈរ​អម​តាម​ដង​ផ្លូវ​ដោយ​អន្លើៗ​យ៉ាង​ស្ងៀម​ស្ងាត់ ដើម្បី​ចូល​រួម​គោរព​វិញ្ញាណក្ខន្ធ​និង​សម្តែង​គារវៈកិច្ច​ចំពោះ​សព​អ្នក​ឧកញ៉ា​មហា​ភក្ដី សប្បុរិស​ភោគា ហ៊ុន នាង ជា​ឪពុក​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ដែល​ក្បួន​ដង្ហែ​យក​ទៅ​បញ្ចុះ​នៅ វត្ត​វង្កដ្ឋ​បុរី​កបិលភ័ស្ផ​ហៅ​វត្ត​ទួលក្រសាំង ក្នុង​សង្កាត់​ទឹក​ថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ។

រថយន្ត​ដឹក​សព​លោក​ឧកញ៉ា មហា​ឧបាសក ហ៊ុន នាង មាន​ក្បូរ​ក្បាច់​រចនា​ល្អ​ប្រណីត​រំលេច​ដោយ​រូប​ហង្ស​ពណ៌​មាស​មួយ​គូ និង​អម​ដោយ​រថយន្ត​ប្រណីតៗ​និង​រថយន្ត​ក្រុង​ជាច្រើន​គ្រឿង ផ្ទុក​ពេញ​ដោយ​ថ្នាក់​ដឹក​នាំ​រាជការ​ជាន់​ខ្ពស់​និង​អ្នក​មុខ​អ្នក​ការ​សំខាន់ៗ ជា​ពិសេស​ក្រុម​គ្រួសារ​នៃ​សព បាន​ធ្វើ​ដំណើរ​ចេញ​ពី​ភូមិគ្រឹះ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ក្បែរ​ស្តូប​វិមាន​ឯករាជ្យ​ក្នុង​រាជធានី​ភ្នំពេញ ឆ្ពោះ​ទៅ​កាន់​វត្ត​វង្កដ្ឋបុរី ជាទី​ដែល​សព​ភរិយា​របស់​លោក គឺ​មហា​ឧបាសិកា ឌី ប៉ុក បញ្ចុះ​ក្នុង​ចេតិយ​នៃ​អារ៉ាម​នេះ។

នៅ​លើ​កំណាត់​មហាវិថី​សហព័ន្ធ​រុស្ស៊ី ផ្លូវ​ម៉ៃដា ផ្លូវ​ណតប្រ៊ីដ ចាប់​ពី​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ដល់​ផ្លូវ​បំបែក​មន្ទីរពេទ្យ​ព្រះ​កុសុមៈ​(ពេទ្យ​លោក​សង្ឃ)​គេ សង្កេត​ឃើញ​ចរាចរណ៍ មាន​ការ​កកស្ទះ​ជា​ខ្លាំង ក្នុង​អំឡុង​ពេល​ក្បួន​ដង្ហែ​សព​លោក​ឧកញ៉ា​មហា​ភក្ដី ស្ថិត​នៅ​លើ​មហាវិថី​ដ៏​មមាញឹក​មួយ​នេះ។ ប៉ុន្តែ​ក្រុម​អ្នក​ដំណើរ​ភាគ​ច្រើន​បាន​ចាត់​ទុក​ពេល​វេលា​នៃ​ការ​ស្ទះ​ដំណើរ​នេះ​ថា ជា​ការ​ចូល​រួម​គោរព​ចំពោះ​សព ដែល​លោក​ជា​បរិស័ទ​មួយ​រូប​សកម្ម​ក្នុង​ការ​កសាង​និង​អភិវឌ្ឍ​ជាតិ​មាតុភូមិ​កម្ពុជា ទាំង​ផ្នែក​អាណាចក្រ​និង​ពុទ្ធចក្រ កាល​ពី​លោក​នៅ​មាន​ជន្មាយុ។

លោក តេង សុវណ្ណារ័ត្ន អាយុ​៤២​ឆ្នាំ ជា​បុគ្គលិក​ក្រុមហ៊ុន​សាង​សង់​មួយ​នៅ​ភ្នំពេញ ដែល​បាន​ធ្វើ​ដំណើរ​ឆ្លង​កាត់​មហាវិថី​សហព័ន្ធ​រុស្ស៊ី និយាយ​ថា៖«ពិត​មែន​ការ​កក​ស្ទះ​ចរាចរណ៍ ក្នុង​ការ​ដង្ហែ​សព​លោក​ឧកញ៉ា​មហា​ភក្ដី មាន​ការ​រំខាន​តិច​តួច​ដល់​កិច្ច​ការងារ​របស់​ខ្ញុំ និង​ពលរដ្ឋ​ដទៃ​ទៀត ប៉ុន្តែ​ខ្ញុំ​គិត​ថា វា​ក៏​ជា​ឱកាស​មួយ​សម្រាប់​ខ្ញុំ និង​អ្នក​ដំណើរ​ទាំង​ឡាយ ក្នុង​ការ​ចូល​រួម​សម្ដែង​ភាព​សោក​ស្ដាយ​ចំពោះ​ការ​បាត់បង់ មហា​ឧបាសក​ដ៏​មាន​សទ្ធា​ជ្រះ​ថ្លា​លើ​វិស័យ​សាសនា​និង​សង្គម​ជាតិ​យើង»

អ្នក​ឧកញ៉ា​មហា​ភក្តី​សប្បុរិស​ភោគា​ធិបតី ហ៊ុន នាង បាន​ទទួល​មរណភាព នៅ​វេលា​ម៉ោង ៤:១០ នាទី ព្រឹក​ថ្ងៃ​សុក្រ ទី​១២ ខែ​កក្កដា ឆ្នាំ​២០១៣ ក្នុង​ជន្មាយុ​៩០​ឆ្នាំ ដោយ​ជរាពាធ។ លោក​មហា​ឧបាសក ហ៊ុន នាង បាន​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់​ជិត១​ឆ្នាំ​មក​ហើយ​ខណៈ​ដែល​កន្លង​មក​នេះ លោក​នាយក​រដ្ឋ​មន្ត្រី ធ្លាប់​ប្រកាស​ជា​សាធារណៈ​អំពី​ស្ថានភាព​ដុន​ដាប​នៃ​សុខភាព​របស់​ឪពុក​លោក ដែល​ត្រូវ​ការ​ជំនួយ​អុកស៊ីហ្សែន​ជា​ប្រចាំ​រហូត​ពេល​ខ្លះ លោក​ត្រូវ​បង្ខំ​ចិត្ត​លុប​ចោល​កម្មវិធី​ការងារ​គ្រោង​ទុក​មួយ​ចំនួន​ផង​ដែរ។

ក្នុង​ពិធី​បុណ្យ​សព​អ្នក​ឧកញ៉ា​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ ទាំង​ទូរទស្សន៍​រដ្ឋ​និង​ឯកជន បាន​បង្ហាញ​វត្តមាន​មន្ត្រី​ជាន់​ខ្ពស់​សំខាន់ៗ មក​ពី​គ្រប់​ក្រសួង មន្ទីរ​និង​ស្ថាប័ន​ជាតិ រួម​ទាំង​មេដឹកនាំ​នៃ​បណ្ដា​ប្រទេស​នៅ​អាស៊ាន និង​អង្គទូត​ប្រទេស​ជា​មិត្ត​មួយ​ចំនួន​បាន​ផ្ញើសារ និង​អញ្ជើញ​ចូល​រួម​រំលែក​ទុក្ខ​ដោយ​ផ្ទាល់​ដល់​គេហដ្ឋាន​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ក្នុង​រាជធានី​ភ្នំពេញ ក្នុង​នោះ​រួម​មាន​លោក ង្វៀន តិនយ៉ុង នាយក​រដ្ឋ​មន្ត្រី​វៀតណាម លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីត​នាយក​រដ្ឋ​មន្ត្រី​ថៃ លោក​ស្រី យីងឡាក់ ស៊ីណាវ៉ាត្រា នាយក​រដ្ឋ​មន្ត្រី​ថៃ​ក្នុង​តំណែង និង​នាយក​រដ្ឋ​មន្ត្រី​ឡាវ ជាដើម​។ ជា​ពិសេស​កាល​ពី​ថ្ងៃ​ទី១៣ ខែ​កក្កដា​កន្លង​នេះ ព្រះ​ករុណា​ព្រះ​មហាក្សត្រ​ព្រះបាទ​នរោត្តម សីហមុនី និង​សម្តេច​ម៉ែ​ព្រះ​អង្គ​បាន​យាង​ចូល​រួម​រំលែក​ទុក្ខ​គ្រួសារ​សព​ដល់​ទីតម្កល់​សព​ក្នុង​ភូមិគ្រឹះ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ផង​ដែរ។

អ្នក ឧកញ៉ា​មហា​ភក្តី ហ៊ុន នាង កើត​នៅ​ថ្ងៃ​ទី២៧ ខែ​សីហា ឆ្នាំ​១៩២៣ នៅ​ភូមិ-ឃុំ​ពាមកោះស្នា ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម​លោក​បាន​រៀបការ​ជាមួយ​អ្នក​ស្រី ឌី ប៉ុក នៅ​ក្នុង​ឆ្នាំ​១៩៤០។ មហា​ឧបាសិកា ឌី ប៉ុក បាន​ទទួល​មរណភាព​នៅ​ឆ្នាំ​១៩៩៨ ក្នុង​ជន្មាយុ​៧៩​ឆ្នាំ។

អ្នក ឧកញ៉ា​មហា​ភក្តី និង​មហា​ឧបាសិកា ឌី ប៉ុក មាន​កូន​ប្រុស​ស្រី​ចំនួន​៦ នាក់ និង ចៅ​ប្រុស​ស្រី​ចំនួន​៣០​នាក់​និង​ចៅ​ទួត​សរុប​ចំនួន​៦០​នាក់​ថែម​ទៀត។

ដោយ​បាន​ចូល​រួម​កសាង​និង​អភិវឌ្ឍ​នូវ​សមិទ្ធផល​ជា​ប្រយោជន៍​រួម​ជា​ច្រើន មាន​សាលារៀន វត្ត​អារាម​និង​សហគមន៍​ក្រីក្រ នៅ​ខែ​កញ្ញា ឆ្នាំ​២០១១ មហា​ឧបាសក ហ៊ុន នាង ត្រូវ​បាន​ព្រះ​ករុណា ព្រះបាទ​សម្តេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះ​មហាក្សត្រ​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ប្រោស​ព្រះ​រាជទាន​គោរមងារ ជា​អ្នក​ឧកញ៉ា​មហា​ភក្តី​សប្បុរិស​ភោគា​ធិបតី ហ៊ុន នាង៕

(យោបល់របស់មិត្តអ្នកអានគ្រប់រូបអាចជួយកែលំអព័ត៌មាន ក៏ដូចជាសង្គមកម្ពុជាឲ្យកាន់តែ​ប្រសើរ)

More Reading:

  • threat

  • throat

  • tight

  • till

  • tomorrow

  • tough

  • track

  • trap

  • treasury

  • tremble